(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងពិចារណាសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន ប្រឈមមុខនឹង ការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Le Figaro នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានដែលសួរពីលទ្ធភាពនៃអន្តរាគមន៍ពីសំណាក់យោធាអាមេរិក ក្នុងការសាងសង់ មន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់អ្នកជំងឺ COVID-19។ ឆ្លើយតបទៅនឹងសំនួរ លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិត យើងកំពុង ពិចារណាលើបញ្ហានេះ ហើយយើងក៏បានជជែកពីវារួចហើយដែរ»។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង ៤,៦០០ករណី និងស្លាប់ ៨៥នាក់ ហើយបើតាមសាកលវិទ្យាល័យ ចនស៍ ហូបឃីនស៍ (Johns Hopkins University) ករណីឆ្លងនៅទូទាំងពិភពលោកកើនដល់ច្រើនជាង ១៨០,០០០នាក់ និងស្លាប់ជាង ៧,១០០នាក់។ ប្រឈមមុខនឹងវិបត្តិនេះ លោក ត្រាំ បានណែនាំប្រជាជនអាមេរិក កុំឲ្យជួបជុំគ្នាចាប់ពី១០នាក់ឡើងទៅ ខណៈរូបលោកផ្ទាល់ទទួលស្គាល់ថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នអាចនឹង បញ្ចប់រហូតដល់ចប់រដូវក្ដៅ (អំឡុងខែមិថុនា) ឬអាចយូរជាងនេះក៏ថាបាន៕