(អឺរ៉ុប)៖ អឺរ៉ុបដែលបច្ចុប្បន្នជាចំណុចស្នូលថ្មី នៃការរាតត្បាតរបស់ COVID-19 កំពុងប្រឈមមុខនឹងស្ថានភាពកាន់តែធ្ងន់ធ្ងរ ខណៈចំនួនអ្នកឆ្លងសកល នៅទូទាំងទ្វីបនេះកើនដល់ច្រើនជាង ៥៥,០០០ករណី។ នេះបើតាមរបាយការណ៍ ចុងក្រោយរបស់ WHO ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
នៅអ៉ីតាលីចំនួនអ្នកឆ្លងថ្មីៗមាន ៣,២៣៣នាក់ គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៧,៩៨០ករណី និងជាប្រទេសអឺរ៉ុបរងគ្រោះ ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ដល់ទៅ ២,១៥៨នាក់។ ចំណែកឯនៅបារាំង វិញករណីឆ្លងបានកើនដល់ ៦,៦៣៣ករណី ក្នុងនោះស្លាប់ជាង ១៤៨នាក់ ដែលនេះបានជំរុញឱ្យប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង ប្រកាសបិទប្រទេសទាំងមូល និងជំរុញឱ្យប្រជាជន ៦៦លាននាក់ស្ថិតនៅក្នុងផ្ទះ។
ដោយឡែកនៅអាល្លឺម៉ង់វិញ ចំនួនអ្នកឆ្លង COVID-19 ហក់ឡើងដល់ ៦,០១២ករណីផងដែរ ក្នុងនោះស្លាប់ ១៣នាក់ ខណៈអេស្ប៉ាញអ្នកឆ្លងកើនដល់ ៩,៩៤២ករណី ក្នុងនោះស្លាប់ ៣៤២នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ បច្ចុប្បន្នតំបន់អឺរ៉ុបទាំងមូល កំពុងតែពិភាក្សាអំពីការព្រមព្រៀងបិទទ្វារ សម្រាប់រយៈពេល ៣០ថ្ងៃ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មីនេះ មិនអាចឲ្យរីករាតត្បាតកាន់តែខ្លាំងជាងនេះទៀត៕