(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា បានជំរុញឱ្យប្រជាជនអាមេរិកកាំងទាំងអស់ ជៀសវាង ឬកុំចូលរួមក្នុងការប្រមូលផ្ដុំគ្នា ដែលមានមនុស្សចាប់ពី ១០នាក់ឡើងទៅ ខណៈរូបលោកផ្ទាល់ទទួលស្គាល់ថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន អាចនឹងបញ្ចប់រហូតដល់ចប់រដូវក្ដៅ (អំឡុងខែមិថុនា) ឬអាចយូរជាងនេះក៏ថាបាន ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
ថ្លែងចេញពីសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងប្រឈមមុខនឹង «សត្រូវមួយដែលជៀសបាន» នោះគឺការរាតត្បាតរបស់ COVID-19។ ដូច្នេះហើយលោកបានប្រាប់ប្រជាជនអាមេរិកថា ក្នុងរយៈពេល ១៥ថ្ងៃនេះកុំប្រមូលផ្ដុំ ឬជួបជុំគ្នាចាប់ពីមនុស្ស ១០នាក់ឡើងទៅ ហើយត្រូវបញ្ជៀសឱ្យបានការចូលក្លឹបរាត្រី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ឬកន្លែងដែលមានមនុស្សប្រមូលផ្ដុំគ្នាច្រើន។ ចំណែកឯមនុស្សចាប់ ឬអ្នកមានជំងឺប្រចាំកាយត្រូវស្ថិតនៅក្នុងផ្ទះ នៅកំឡុងពេលនៃការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
គួរជម្រាបថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង ៤,៦០០ករណី និងស្លាប់ ៨៥នាក់ ហើយបើតាមសាកលវិទ្យាល័យ ចនស៍ ហូបឃីនស៍ (Johns Hopkins University) ករណីឆ្លងនៅទូទាំងពិភពលោកកើនដល់ច្រើនជាង ១៨០,០០០នាក់ និងស្លាប់ជាង ៧,១០០នាក់៕