(រ៉ូម)៖ នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ អ្នកជំងឺសរុប ៣៤៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 កើនឡើងដល់២,១៥៨នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
ចំនួនអ្នកជំងឺដែលបានស្លាប់ប្រចាំថ្ងៃដោយសារតែ COVID-19 ត្រូវបានអាជ្ញាធរអ៉ីតាលីរកឃើញថា បានកើនឡើងទ្វេដងនៅក្នុងរយៈពេល ០២ថ្ងៃចុងក្រោយនេះ បើគិតចាប់តាំងពីការអ៉ីតាលីទើបមានអ្នកជំងឺស្លាប់ រហូតដល់ខ្ទង់១,០០០នាក់នោះ។ បច្ចុប្បន្នអ្នកឆ្លង COVId-19 នៅអ៉ីតាលីមានសរុប២៧,៩៨០ករណី ប្រៀបធៀបជាមួយរយៈពេល ០៤ថ្ងៃមុន ដែលមានចំនួនតែ ១៥,១១៣ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសអ៉ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្សរហូតដល់ ១,៤២០នាក់ឯណោះបាត់បង់ជីវិតដោយសារតែ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា។ តំបន់នេះរ៉ាប់រង៦៦% នៃករណីស្លាប់ដោយសារ COVID-19 នៅទូទាំងអ៉ីតាលី៕