(ប៉េកាំង)៖ រដ្ឋបាលអន្តោប្រវេសន៍ជាតិចិន NIA បានរាយការណ៍ឲ្យដឹង នៅថ្ងៃចន្ទនេះថា អ្នកធ្វើដំណើរចូលទឹកដីចិន សរុបទាំងអស់ រួមមានទាំងអ្នកធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសមានប្រមាណត្រឹមតែ ១២០,០០០នាក់ប៉ុណ្ណោះជារៀងរាល់ថ្ងៃ បើគិតចាប់តាំងពីអង្គការសុខភាពពិភពលោ ក WHO បានប្រកាសចាត់ទុកជំងឺ COVID-19 ជាជំងឺរាតត្បាតសកល កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសាព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
លោក លីវ ហៃតាវ (Liu Haitao) ដែលជាមន្ត្រីជាន់ខ្ពស់របស់ NIA បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា តួលេខខាងលើនេះ គឺទាបជាង ៨០% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ លោក លីវ បានបន្ថែមទៀតថា ក្នុងរយៈពេលនេះមានមនុស្សប្រមាណ ២០,០០០នាក់ប៉ុណ្ណោះដែលចូលប្រទេសចិន ជារៀងរាល់ថ្ងៃ តាមរយៈជើងហោះហើរអន្តរជាតិ ដោយក្នុងនោះប្រហែល ១០% ជាជនបរទេស។
គួរជម្រាបថា ពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតសកល COVID-19 បាន និងកំពុងចាត់វិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ដ៏កាចសាហាវមួយនេះ។ ក្នុងចំណោមវិធានការដែលត្រូវបានគេជឿជាក់ថា មានប្រសិទ្ធភាពជាងគេនោះ គឺការហាមឃាត់ការធ្វើដំណើរនេះឯង។ ប្រការនេះត្រូវបាន អ្នកជំនាញ មើលឃើញថា វាបានប៉ះពាល់ដោយផ្ទាល់ដល់វិស័យធំៗចំនួនពីរ គឺវិស័យអាកាសចរណ៍អន្តរជាតិ និងទេសចរណ៍៕