(ម៉ាឌ្រីត)៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានរកឃើញអ្នកឆ្លង COVID-19 ជិត១,០០០ករណីបន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតពេញមួយថ្ងៃអាទិត្យ ម្សិលមិញ ធ្វើឱ្យចំនួនអ្នកសរុបនៅទូទាំងប្រទេសកើនដល់ ៨,៧៤៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ក្នុងរយៈពេលដូចគ្នា ចំនួនអ្នកស្លាប់ក៏បានកើនដល់២៩៧នាក់ ផងដែរ ក្រោយអ្នកជំងឺ៩នាក់បានស្លាប់ ខណៈទីក្រុងម៉ាឌ្រីត រងគ្រោះ ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លង ៤,៦៦៥ករណី។ ប្រឈមមុខនឹងការរីករាលដាលយ៉ាងឆាប់រហ័សបែបនេះ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសដាក់ប្រទេសគ្រាមានអាសន្ន រយៈពេល១៥ថ្ងៃ និងបិទប្រទេសមួយផ្នែក លើកលែងតែសកម្មភាពចាំបាច់បំផុត ព្រមទាំងបង្គាប់ឱ្យប្រជាជនរបស់ខ្លួនជាង ៤៦លាននាក់ ស្ថិតនៅក្នុងផ្ទះ។
ប្រជាជនដែលត្រូវចេញក្រៅទិញម្ហូប ឬថ្នាំពេទ្យ ទៅធ្វើការ ឬក៏ស្វែងរកការព្យាបាលនឹងត្រូវបានអនុញ្ញាត៕