(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិតក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍ថ្មីនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្រៅពីប្រទេសចិន បានកើនឡើងដល់ជាង ៨៣,០០០ករណី ដែលលើសចំនួនអ្នកឆ្លងជំងឺនេះសរុប នៅក្នុងប្រទេសចិនទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
អង្គការ WHO បានប្រកាសឲ្យដឹងទៀតថា ពេលនេះចំនួនប្រទេសដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ក៏បានកើនឡើងដល់ ១៤៦ប្រទេសផងដែរ ក្នុងចំណោមប្រទេសផ្លូវការសរុប ១៩៣ នៃអង្គការសហប្រជាជាតិ។
COVID-19 ដែលអង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកថាជា «ជំងឺរាតត្បាតសកល» កាលពីដើមសប្តាហ៍មុន បានចម្លងទៅមនុស្សជាង ១៦០,០០០នាក់ហើយនៅទូទាំងសកលលោក ក្នុងនោះជាង ៦,០០០នាក់ស្លាប់។ អង្គការមួយនេះ ក៏បានចាត់ទុកទ្វីបអ៊ីរ៉ុបជាចំណុចស្នូលថ្មី នៃការផ្ទុះរីករាលដាល COVID-19 ខណៈបណ្តាប្រទេសអ៊ីរ៉ុបមួយចំនួនដូចជា អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំងជាដើមកំពុងតែប្រឈមមុខយ៉ាងខ្លាំង ចំពោះជំងឺដ៏កាចសាហាវមួយនេះ។
ងាកមកកាន់ប្រទេសចិនវិញ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍នៅថ្ងៃចន្ទ ទី១៦ ខែមីនានេះថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សម្រាប់រយៈពេញមួយថ្ងៃអាទិត្យម្សិលមិញមានចំនួនត្រឹមតែ ១៦ករណីប៉ុណ្ណោះ នៅទូទាំងចិនដីគោក ខណៈនៅមុននោះមួយថ្ងៃ ពោលគឺនៅថ្ងៃសៅរ៍សប្តាហ៍មុនមានចំនួន ២០ករណី។
តាមរយៈតួលេខអ្នកឆ្លងថ្មីខាងលើនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងចិនដីគោកកើនដល់ ៨០,៨៦០ករណីក្នុងនោះ អ្នកជំងឺ ៣,២១៣នាក់បានស្លាប់បាត់បង់ជីវិត។ ដោយឡែកតួលេខអ្នកជាសះស្បើយឡើងវិញបានកើនដល់ ៦៧,៧៤៩នាក់ ព្រោះគ្រាន់តែរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ អ្នកចេញពីពេទ្យមានរហូតដល់ ៨៣៨នាក់ឯណោះ៕