(យូកូហាម៉ា)៖ បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត ពីបទឃាតកម្មលើជនពិការផ្នែកសតិបញ្ញាចំនួន១៩នាក់ នៅក្នុងអំពើហិង្សាមួយដោយប្រើកាំបិតកាលពីឆ្នាំ២០១៦ ដែលវាជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយសម្រាប់ប្រជាជាតិជប៉ុន នៅ ក្រោយសម័យសង្រ្គាមលោក។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី ១៦ ខែមីនា ឆ្នាំ ២០២០។
លោក Satoshi Uematsu អាយុ៣០ឆ្នាំ បានសារភាពថា ខ្លួនបានចាក់ឲ្យស្លាប់និងរបួសជនរងគ្រោះជាច្រើននាក់ នៅមណ្ឌលថែទាំមួយកន្លែង សម្រាប់ជនពិការផ្នែកសតិបញ្ញា ជាទីដែលជនរូបនោះធ្លាប់ធ្វើការផងដែរ ដែលស្ថិតក្នុងខេត្ត Sagamihara ភាគនិរតីនៃទីក្រុងតូក្យូ។ ជនរងគ្រោះ១៩នាក់បានស្លាប់ ខណៈ២៦នាក់ផ្សេងទៀតបានរងរបួស ហើយភាគច្រើនគឺត្រូវគេចាក់ពេលកំពុង ដេកលង់លក់។
ថ្លែងទៅកាន់តុលាការ នៅក្នុងអង្គសវនាការជំនំជម្រះក្តីកាលពីខែកុម្ភៈកន្លងទៅនេះ លោក Uematsu បានអះអាងថា មូលហេតុដែលលោកធ្វើដូច្នោះ ក៏ព្រោះតែលោកគិតថាជនពិការទាំងនោះជាបន្ទុករបស់សង្គម ហើយការសម្លាប់ពួកគេចោល ជារឿងល្អសម្រាប់សង្គម។
ជាការកត់សម្គាល់ អំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងសហគមន៍ជប៉ុន ជាទីដែលកម្រកើតមានឧក្រិតកម្មបែបនេះណាស់ ដោយសារតែច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធមានលក្ខណៈតឹងរ៉ឹងជាទីបំផុត។ ឧក្រិដ្ឋកម្មនេះក៏បានបង្កឲ្យមានការជជែកដេញដោលឡើងវិញ អំពីតម្រូវការនៃការផ្លាស់ប្តូរនៅក្នុងសង្គមជប៉ុន ដែលជនពិការនៅតែទទួលរងនូវការមាក់ងាយ រើសអើង និងភាពអាម៉ាស់៕