(ប៊ែរឡាំង)៖ នៅព្រឹកថ្ងៃចន្ទនេះ អាល្លឺម៉ង់បានចាប់ផ្តើមបិទជាបណ្តោះអាសន្ននូវបណ្តោយព្រំដែនជាមួយ អូទ្រីស ស្វីស បារាំង ដាណឺម៉ាក និងលុចសំបួរ ចំពេលដែលជំងឺ COVID-19 កំពុងមានការរាតត្បាតយ៉ាងខ្លាំងក្លាជាងគេ នៅទូទាំងទ្វីបអឺរ៉ុប។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNN នៅចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
ចំណាត់ការបិទព្រំដែនខាងលើ ត្រូវបានចាប់ផ្តើមអនុវត្តកាលពីវេលាម៉ោង០៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅរដ្ឋធានីប៊ែរឡាំង) ហើយ រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ លោក ហស ស៊ីហូហ្វើ (Horst Seehofer) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា អ្នកដែលមានបំណងចង់ចូលទៅកាន់ ប្រទេសទាំង៥នោះ ក្រោយម៉ោង០៨៖០០នាទីព្រឹកថ្ងៃចន្ទ ចាំបាច់ត្រូវតែមានហេតុផលដែលអាចទទួលយកបាន។ ដោយឡែក ទំនិញនិង អ្នកត្រូវធ្វើដំណើរបំពេញការងារដោយឆ្លងប្រទេស គឺទទួលបានការលើកលែងពីវិធានការបិទព្រំដែននេះ។
គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនដល់៥,៨១៣នាក់ ហើយមានអ្នកស្លាប់១៣នាក់។ បន្ទាប់ពី អ៉ីតាលី និងអេស៉្បាញ អាល្លឺម៉ង់គឺជាប្រទេសអឺរ៉ុបលេខ៣ ដែលមានករណីឆ្លងច្រើនជាងគេ៕