(ហាណូយ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាម បានប្រកាសឲ្យប្រជាជនវៀតណាមទាំងអស់ រួមទាំងជនបរទេសផងដែរ ចាំបាច់ត្រូវតែពាក់ម៉ាសជានិច្ចនៅតាមទីសាធារណៈ ដូចជាអាកាសយាន្តដ្ឋាន ចំណតរថយន្តក្រុង ផ្សារទំនើប ឬតាមស្ថានីយដឹកជញ្ជូនសាធារណៈជាដើម ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះទៅ។ នេះបើតាមកាសែតប្រចាំថ្ងៃវៀតណាម Vietnam News ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារពត៌មាន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២០។
នៅក្នុងរបាយការណ៍របស់កាសែតខាងលើ បានលើកឡើងថា រាល់អ្នកដំណើរនៃជើងហោះហើរក្នុងស្រុក ព្រមទាំងជើងហោះហើរអន្តរជាតិ ដែលចេញនិងចូលប្រទេសវៀតណាម ក៏ត្រូវតែពាក់ម៉ាសដូចគ្នា ទាំងកំឡុងពេលនៅលើយន្តហោះ និងកំឡុងពេលនៅអាកាសយានដ្ឋាន។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 ចំនួន៥៧ករណី ដោយក្នុងនោះមានជនបរទេសចំនួន២០នាក់។ ជាមួយគ្នាដែរ ប្រទេសអាអាស៊ីអាគ្នេយ៍មួយនេះ ក៏មានករណីសង្ស័យចំនួន១០២ផងដែរ ខណៈមនុស្សជិត០៣ម៉ឺននាក់ផ្សេងទៀត កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធ្វើការតាមដានសុខភាព។
គួរជម្រាបថា វៀតណាមបានហាមឃាត់ជាបណ្តោះអាសន្នលើ ជនបរទេសដែលមានពាក់ព័ន្ធជាមួយក្រុមប្រទេសអ៉ីរ៉ុបចំនួន២៦ ហៅថា Schengen រួមនិងចក្រភពអង់គ្លេស មិនឲ្យចូលប្រទេសរបស់ខ្លួន។ ព្រមជាមួយគ្នា វៀតណាមក៏បានផ្អាកផ្តល់ជូនទិដ្ឋាការមកដល់ ឬក៏ arrival VISA សម្រាប់ជនបរទេសទាំងអស់ផងដែរ។ ចំណាត់ការទាំងពីរនេះ នឹងមានរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃអាទិត្យម្សិលមិញ៕