(រ៉ូម)៖ ស្ថាបត្យករជនជាតិអ៉ីតាលីដ៏ល្បីល្បាញម្នាក់គឺលោក Vittorio Gregotti បានទទួលមរណភាពកាលពីអាទិត្យម្សិលមិញ ក្នុងវ័យ៩២ឆ្នាំ ក្រោយឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មានអ៉ីតាលី Corriere della Sera និង AGI បានរាយការណ៍ថា លោក Gregotti បានស្លាប់ កំឡុងពេលព្យាបាលនៅទីក្រុង Milan ក្រោយឆ្លង COVID-19។ យោងតាម Corriere della Sera ភរិយារបស់លោក Gregotti លោកស្រី Mariana Mazza ក៏ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យដូចគ្នាក្នុងទីក្រុង Milan ដែរ ប៉ុន្តែមិនមានការបញ្ជាក់ថា លោកស្រីបានឆ្លង COVID-19 ឬយ៉ាងណានោះទេ។
គួរជម្រាបថា ស្នាដៃស្ថាបត្យកម្មរបស់លោក Vittorio Gregotti រួមមានដូចជាកីឡដ្ឋានអូឡាំពិករដូវក្តៅនៅទីក្រុងបាសេឡូណាឆ្នាំ១៩៩២, កីឡដ្ឋាន Merassi នៅទីក្រុង Genoa សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅអ៉ីតាលី កាលពីទសវត្សរ៍ឆ្នាំ១៩៩០ និងរោងមហាស្រព Arcimboldi នៅទីក្រុង Milan។ ស្នាដៃរបស់លោក Gregotti ផ្សេងៗទៀតរបស់លោក ក៏មាននៅទីក្រុងសៀងហៃ នៅព័រទុយហ្គាល់ និងនៅបារាំងផងដែរ៕