Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេសត្រៀមប្រកាស ឲ្យមនុស្សចាស់អាយុ៧០ឆ្នាំឡើង ស្នាក់នៅក្នុងផ្ទះរាប់សប្តាហ៍ និងបង្ខំឲ្យអ្នកជំងឺ COVID-19 ស្នាក់នៅដាច់ពីគេឯង (Video inside)

16-03-2020 13:06

(ឡុងដ៍)៖ អង់គ្លេសនឹងតម្រូវឱ្យប្រជាជនរបស់ខ្លួនដែលមានវ័យចំណាស់ ស្ថិតនៅក្នុងផ្ទះរាប់សប្ដាហ៍ ហើយបង្ខំឱ្យអ្នកឆ្លង COVID-19 នៅដាច់ដោយឡែកពីគេ ជាផ្នែកមួយនៃការបង្កើនការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលមួយនេះ ដែលបាននិងកំពុងលុកលុយយ៉ាងខ្លាំងលើតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

បើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស (Secretary of State for Health of the United Kingdom) លោក ម៉ាត់ ហានខក់ (Matt Hancock) មនុស្សចាស់មានវ័យ ៧០ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឱ្យស្ថិតនៅក្នុងផ្ទះរយៈពេល ០៤ខែ ខណៈការប្រកាសជាផ្លូវការពីវិធានការនេះ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។

លោក Hancock បានបន្ថែមដូច្នេះថា «យើងនឹងប្រកាសដាក់ចេញនូវវិធានការនេះ ជាមួយការបញ្ជាក់លម្អិតបន្ថែម នៅពេលវេលាសក្តិសមមកដល់ ពីព្រោះមនុស្សមានវ័យចំណាស់ និងអ្នកមានសុខភាពទន់ខ្សោយ គឺងាយរងគ្រោះបំផុត ដូច្នេះពួកគេត្រូវតែការពារខ្លួនឯង។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏នឹងដាក់ចេញផងដែរនៅក្នុងសប្ដាហ៍នេះ នូវវិធានការបង្ខំឱ្យមនុស្សដែលឆ្លង COVID-19 ត្រូវនៅដាច់ដោយឡែកពីគេ ខណៈការហាមឃាត់ការប្រមូលផ្ដុំគ្នា ក៏ស្ថិតក្នុងវិធានការរបស់យើងផងដែរ»

គួរជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមីនា អង់គ្លេសមានអ្នកឆ្លង COVID-19 ១,១៤០ករណី ក្នុងនោះអ្នកជំងឺ ២១នាក់បានស្លាប់ ហើយដែលស្លាប់ទៀតសោត ភាគច្រើនគឺជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ៕