(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានរាយការណ៍ឲ្យដឹងថា នាវិករបស់ខ្លួនម្នាក់នៅលើនាវាចម្បាំងដ៏ធំមួយគ្រឿង បានតេស្តរកឃើញថា មានផ្ទុកជំងឺកូវីត ១៩ (COVID-19) ដែលនេះជាករណីដំបូងបំផុតសម្រាប់ស្ថាប័នកងទ័ពជើងទឹក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Business Insider នារៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
នាវិកដែលមានផ្ទុកជំងឺ COVID-19 ខាងលើ ត្រូវបានគេចាត់តាំងឲ្យទៅបំពេញបេសកម្មនៅលើនាវាចម្បាំង និងដឹកឧទ្ធម្ភាគចក្រយោធាដ៏ធំមួយមានឈ្មោះថា យូអ៊ែសអ៊ែស បុកសឺ (USS Boxer) ដែលបច្ចប្បន្នកំពុងស្ថិតនៅជាយក្រុង សាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា (California)។
នាវិករូបនោះ ត្រូវបានគេដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ នៅឯគេហដ្ឋានដើម្បីសម្រាកព្យាបាល ខណៈកងទ័ពជើងទឹកដទៃទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរូបគេ ក៏ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែកពីគេផងដែរ ដើម្បីពិនិត្យ និងតាមដានស្ថានភាពសុខភាពរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ន គ្មាននរណាម្នាក់ស្ថិតនៅលើនាវាចម្បាំងខាងលើនេះទេ។ នាវាកងទ័ពជើងទឹករបស់យើង តែងតែមានទម្លាប់ពិនិត្យមើលសុខភាពជាប្រចាំ ដើម្បីធានាថា សុខភាពរបស់កងនាវិករបស់ពួកយើងមានសុខភាពល្អ និងពុំមានជំងឺឆ្លងណាមួយឡើយ»។
គួរជម្រាបថា រហូតមកទល់ពេល សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីឆ្លងកូវីត ១៩ សរុបចំនួន ៣,៧៧៧ករណី ក្នុងនោះ ៦៩នាក់ស្លាប់ និង ៧៣នាក់បានជាសះស្បើយឡើងវិញ។ សម្រាប់ការរកឃើញស្ថាប័នកងទ័ពជើងទឹក មានឆ្លង COVID-19 នេះគឺជាករណីដំបូងហើយ៕