(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ CDC បានផ្តល់អនុសាសន៍ថា រាល់ការជួបជុំទាំងឡាយណា ដែលមានមនុស្សចូលរួមចាប់ពី ៥០នាក់ឡើងទៅ នៅសហរដ្ឋអាមេរិក គួរត្រូវលុបចោល ឬពន្យារពេលក្នុងរយៈពេល ០៨សប្តាហ៍បន្ទាប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ (COVID-19) ខណៈសន្ទុះនៃការរីករាលដាលនៃជំងឺនេះ នៅលើទឹកដីសហរដ្ឋអាមេរិក ហាក់កើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក AP នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

នាពេលថ្មីៗនេះ អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចេញនូវវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩។ ក្នុងចំណោមវិធានការទាំងនោះរួមមាន ការបញ្ជាឲ្យបិទសាលារៀន និងផ្អាកជើងហោះហើរជាដើម។ បន្ថែមលើសពីនោះ អភិបាលក្រុងនានាបានបញ្ជាឲ្យបិទភោជនីយដ្ឋាន រង្គសាល ខណៈអ្នកទេសចរអាមេរិក ដែលវិលត្រឡប់មកពីដំណើរកម្សាន្តក្រៅប្រទេសវិញ ត្រូវបានជាប់គាំងជាច្រើនម៉ោង នៅឯព្រលានយន្តហោះធំៗ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព។

ថ្វីត្បិតតែវិធានការរឹតបន្តឹងខាងលើ ត្រូវបានដាក់ចេញ និងអនុវត្តស្ទើរពាលពេញប្រទេសអាមេរិកទៅហើយនោះ ប៉ុន្តែសន្ទុះនៃការរីករាលដាលនៃជំងឺកូវីត-១៩ ហាក់មិនបានថមថយទាល់តែសោះ។ ដូច្នេះមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ CDC បានចេញនូវអនុសាសន៍យ៉ាងច្បាស់មួយថា រាល់ការជួបជុំទាំងឡាយណា ដែលគ្នាចូលរួមដល់ ៥០នាក់ ឬច្រើនជាងនេះ គួរតែត្រូវបានលុបចោលឬ ត្រូវបានពន្យារពេលក្នុងរយៈពេល ០៨ សប្តាហ៍បន្ទាប់ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិក ឲ្យចេះរក្សាអនាម័យផ្ទាល់ខ្លួន លាងដៃឲ្យបានញឹកញាប់ និងជៀសវៀងការប្រជុំគ្នាក្នុងហ្វូងមនុស្សផងដែរ។

គួរជម្រាបថា រហូតមកទល់ពេល សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីឆ្លងកូវីត-១៩ សរុបចំនួន៣,៧៧៧ករណី ក្នុងនោះ៦៩នាក់ស្លាប់ និង៧៣នាក់បានជាសះស្បើយឡើងវិញ៕