(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សឆ្លង COVID-19 ត្រូវបានរកឃើញចំនួន ៧៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨,២៣៦ករណី ក្នុងនោះអ្នកជំងឺ ៧៦នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ចំនួនអ្នក ៧៦នាក់នៅក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ គឺជាថ្ងៃទីពីរហើយសម្រាប់កូរ៉េខាងត្បូង ដែលមានការឆ្លងជំងឺ COVID-19 នៅក្រោម ១០០ករណីក្នុងមួយថ្ងៃ ខណៈអ្នកជាសះស្បើយនៅក្នុងថ្ងៃអាទិត្យដដែលនោះ គឺមានរហូតដល់ទៅ ៣០៣នាក់ និងធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,១៣៧នាក់។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្តូរការប្រកាសលទ្ធផលអំពី COVID-19 មកនៅម្តងក្នុងមួយថ្ងៃវិញ គឺនៅរៀងរាល់ម៉ោង ១០៖០០នាទីព្រឹក ដែលកាលពីមុនវិញ វាត្រូវបានធ្វើពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹកម្តង និងល្ងាចម្តង។ គិតចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ មកទល់នឹងថ្ងៃទី១៥ ខែមីនា (បន្ទាប់ពីមានការផ្ទុះខ្លាំងនៅទីក្រុងដេគូ និងការប្រកាសអាសន្នទូទាំងប្រទេស) កូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លង COVID-19 សរុប ៨,២០៥ករណីបន្ថែមពីលើតួលេខចាស់។
គួរបញ្ជាក់ថា តំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតនៅកូរ៉េខាងត្បូង គឺនៅតែជាទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលស្ថិតនៅជាមួយគ្នា ហើយទាំងពីរតំបន់នេះរ៉ាប់រងករណីឆ្លង និងស្លាប់រហូតដល់ទៅ ៩០% នៃករណីទាំងអស់។ ទីក្រុងដេគូ ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល៕