(អាហ្វ្រិកខាងជើង)៖ នាថ្ងៃអាទិត្យនេះ រដ្ឋាភិបាលម៉ារ៉ុកបានសម្រេចផ្អាករាល់ជើងហោះហើរអន្តរជាតិ ដែលចេញនិងចូលប្រទេស អាហ្រ្វិកខាងជើងមួយនេះជាបណ្តោះអាសន្ន រហូតទាល់តែមានសេចក្តីប្រកាសជាបន្តបន្ទាប់ទៀត នៅចំពោះមុខការរីកដាលនៃ ជំងឺ COVID-19 ដែលកំពុងលុកលុយពិភពលោក ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
ការសម្រេចខាងលើត្រូវបានប្រកាសឲ្យដឹង តាមរយៈក្រសួងការបរទេសម៉ារ៉ុក។ ក្រសួងការបរទេសម៉ារ៉ុកបានបញ្ជាក់ថា វិធានការ នេះ គឺស្របទៅតាមចំណាត់ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ដែលបច្ចុប្បន្ន បានក្លាយជាជំងឺឆ្លងជាលក្ខណៈ សកល។ ការសម្រេចចិត្តបិទជើងហោះហើរអន្តរជាតិទាំងអស់នេះ បានកើតមានឡើង បន្ទាប់ពីម៉ារ៉ុកកាលពីថ្ងៃសៅរ៍ម្សិលមិញ បានពង្រីកការ ផ្អាកជើងហោះហើរជាមួយប្រទេសរហូតដល់៣០។
គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ារ៉ុក មានចំនួន២៨នាក់ ក្នុងនោះមានទាំងរដ្ឋមន្រ្តី ដឹកជញ្ជូនម្នាក់របស់ម៉ារ៉ុក ហើយក៏មានអ្នកជំងឺម្នាក់បាត់បង់ជីវិតផងដែរ គឺជាស្រ្តីចំណាស់អាយុ៨៩ឆ្នាំ៕