Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម៖ ទីក្រុងហូជីមិញចាប់ផ្តើមបិទក្លឹប រង្គសាល ការ៉ាអូខេ កន្លែងម៉ាស្សា រោងភាពយន្ត ដើម្បីទប់ស្កាត់ការឆ្លង COVID-19

15-03-2020 17:28

(ហូជីមិញ)៖ ទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងចាប់ផ្តើមការបិទកន្លែងកម្សាន្តនានា រួមមានក្លឹបរាំកម្សាន្ត រង្គសាល ការ៉ាអូខេ កន្លែងម៉ាស្សា រោងភាពយន្ត និងអ៉ីនធើណែតកាហ្វេ ចាប់ពីម៉ោង០៦៖០០នាទីយប់ថ្ងៃអាទិត្យនេះតទៅ ដើម្បីទប់ស្កាត់ការរាលដាល នៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

បញ្ជាឲ្យបិទកន្លែងកម្សាន្តខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ បន្ទាប់មានការដាក់សំណើពីមន្ទីរសុខាភិបាលទីក្រុងហូជីមិញផ្ទាល់ រួមជាមួយនិងការផ្តល់អនុសាសន៍ពី គណៈកម្មាធិការអចិន្រ្តៃយ៍វៀតណាមទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃ COVID-19។

គួរជម្រាបថា បច្ចុប្បន្ន នៅទីក្រុងហូជីមិញ មានអ្នកឆ្លង COVID-19 ចំនួន៤នាក់ ហើយបើគិតទូទាំងប្រទេសវៀតណាមវិញមាន ៥៣នាក់។ បើតាមអង្គការសុខភាពពិភពលោក ករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនលើសពី១៥២,០០០នាក់ និងស្លាប់ជិត៥,៤០០នាក់ ហើយប្រទេសនិងដែនដីពីជាង១៤០ ទៅ១៥០ មានករណីឆ្លងជំងឺនេះ៕