(បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន២៣នាក់ថែមទៀត។ ប្រការនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់១១៤នាក់ នៅក្នុងប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
យោងតាមអាជ្ញាធរសុខាភិបាលថៃ ក្នុងចំណោមករណីថ្មីទាំងនោះ មាន២ករណីជាបុគ្គលិកភោជនីយដ្ឋានមួយ ក្នុងទីក្រុងបាងកក ដែលវាជាកម្មសិទ្ធិរបស់បុរសជនជាតិសិង្ហបុរីម្នាក់ ដែលកន្លងមកត្រូវបានធ្វើតេស្តរកឃើញ COVID-19។ ៩ករណី គឺជាអ្នកដែល បានទៅចូលរួមទស្សនាការប្រកួតនៅសង្វៀនប្រដាល់ Lumpinee ក្នុងទីក្រុងបាងកក ហើយ៨ករណីជាអ្នកដែលធ្លាប់ទៅ កន្លែងកម្សាន្តដទៃៗទៀត។
រីឯ៣ករណី ជាអ្នកធ្លាប់ធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយភ្ញៀវទេសចរបរទេស នៅអាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក ខណៈ៥ករណីជាករណីនាំចូល និង២ករណី ជាភ្ញៀវទេសចរបរទេស ក្នុងប្រទេសថៃ។ សម្រាប់ប្រភពនៃការឆ្លង៣ករណីចុងក្រោយវិញ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
គួរជម្រាបថា ក្នុងចំណោមអ្នកឆ្លង COVID-19 ទាំង១១៤នាក់ នៅក្នុងប្រទេសថៃ មានម្នាក់ស្លាប់ និង៣៥នាក់ជាសះស្បើយ៕