(ម៉ានីល)៖ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ អាជ្ញាធរហ្វីលីពីនបានចាប់ផ្តើមអនុវត្តការបិទតំបន់ Metro Manila នៃប្រទេសហ្វីលីពីន ដើម្បីទបស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលកំពុងរាតត្បាតជុំវិញពិភពលោក។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
តំបន់ Metro Manila មានទីក្រុងចំនួន១៦ ក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីលផងដែរ ព្រមទាំងទីក្រុងស្វយ័តចំនួន១ ហើយសរុប មានប្រជាជនហ្វីលីពីនរស់នៅជាង១២លាននាក់។ នៅក្រោមចំណាត់ការខាងលើ ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅរយៈពេល មួយខែ ការធ្វើដំណើរចេញ-ចូលក្នុងស្រុកសម្រាប់តំបន់នេះ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក គឺត្រូវបានហាមឃាត់។ ហ្វីលីពីនបាន ដាក់ពង្រាយកងកម្លាំងយោធា នៅតាមច្រកព្រំដែននៃតំបន់ Metro Manila ដើម្បីត្រួតពិនិត្យការបិទតំបន់នេះ។
គួរជម្រាបថា ការសម្រេចបិទតំបន់ Metro Manila ដែលមានផ្ទៃដីទំហំជិត៦២០គីឡូម៉ែត្រក្រឡានេះ បានកើតមានឡើង បន្ទាប់ពី ការរកឃើញករណីអ្នកឆ្លង COVID-19 នៅហ្វីលីពីន បានកើនឡើងខ្ពស់ គឺក្នុងរយៈពេលត្រឹមមួយសប្តាហ៍កន្លងទៅនេះ ករណីឆ្លង បានកើនពី៦ករណី ដល់១១១ករណី ដែលភាគច្រើននៅក្នុងតំបន់ Metro Manila ផ្ទាល់៕