(ហ្សាការតា)៖ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi ត្រូវបានគេរាយការណ៍ថាកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៃរដ្ឋធានីហ្សាការតា បន្ទាប់ពី លោកបានឆ្លងជំងឺ COVID-19។ នេះបើតាមមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
បើតាមមន្ត្រីដដែល ក្រុមគ្រួសាររបស់លោក Sumadi បានអនុញ្ញាតឱ្យមានការប្រកាសព័ត៌មាននេះ ហើយបច្ចុប្បន្នស្ថានភាពសុខភាពរបស់លោករដ្ឋមន្ត្រីដឹកជញ្ជូន ស្ថិតនៅ ក្នុងស្ថានភាពប្រក្រតី មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។
គួរជម្រាបថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់៦៩នាក់ហើយ ពេញមួយថ្ងៃសុក្រម្សិលមិញ ក្នុងនោះមាន ៤នាក់បានបាត់បង់ជីវិត ខណៈអ្នកសង្ស័យមានផ្ទុកជំងឺដ៏សាហាវនេះក៏បានកើនដល់២៦១នាក់ផងដែរ៕