(អេស្ប៉ាញ)៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ១,៥០០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ប៉ុណ្ណោះ ស្របពេល អ្នកស្លាប់ហក់ឡើងដល់១៣៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរអេស្ប៉ាញ ពេញមួយថ្ងៃសុក្រម្សិលមិញ មនុស្ស១,៥០០នាក់ បានឆ្លង COVID-19 ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥,៧៥៣នាក់ ហើយចំនួននេះក៏បានធ្វើ ឱ្យអេស្ប៉ាញ ក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីអ៉ីតាលីផងដែរ។
រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ១៥ថ្ងៃ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19 ។ លោកនាយករដ្ឋមន្ត្រី ភេដ្រូ សាន់ឆេស (Pedro Sanchez) ថែមទាំងបានព្រមានទៀតថា តួលេខអ្នកដែលឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអេស៉្បាញអាចនឹងសន្ទុះឡើងហួសពី១០,០០០ នៅសប្តាហ៍ក្រោយ ដូច្នេះហើយលោកបានអំពាវនាវឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង និងចូលរួមចំណែកទាំងអស់គ្នា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត ជាលក្ខណៈសកលនេះ៕