(តេហេរ៉ង់)៖ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៉ីរ៉ង់ ទើបតែបានបញ្ចេញរបាយការណ៍ថ្មីនៅមុននេះបន្តិចថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 បានកើនឡើងដល់ ៦១១នាក់ហើយ នៅក្នុងចំណោមអ្នកឆ្លងសរុប ១២,៧២៧ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
មន្ត្រីទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងព័ត៌មានរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianush Jahanpur) ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ១២,៧២៧ករណីក៏មានអ្នកជំងឺសរុប ៤,៣៣៩នាក់រួចមកហើយដែរត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា អ៉ីរ៉ង់គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតលេខ ២ បន្ទាប់ពីប្រទេសអ៉ីតាលីនាពេលបច្ចុប្បន្ន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) បាននិងកំពុងកើនឡើងជាលំដាប់។ ដោយឡែកយោធាអ៉ីរ៉ង់បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា កងកម្លាំងនឹងចាប់ផ្តើមបិទផ្លូវថ្នល់ និងដងវិថីនានា ព្រមទាំងទីផ្សារលក់ទំនិញផងដែរ ដើម្បីកុំឲ្យប្រជាជនប្រមូលផ្តុំគ្នា ដែលអាចនាំឲ្យមានការឆ្លង COVID-19 កើនឡើង៕