(ប្រេស៊ីល)៖ អគ្គរដ្ឋទូតស្ដីទីប្រេស៊ីលម្នាក់ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក ណែស្ទឺ ហ្វ័រស្ទឺ (Nestor Forster) ដែលបានអង្គុយទទួលទានអាហារពេលល្ងាច រួមតុតែមួយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននៅឯរីសត ម៉ាអាឡាហ្គោ (Mar-a-Lago) ក្នុងរដ្ឋផ្លូរីដា ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
លោក Forster គឺជាមនុស្សទី ៣ ហើយដែលបានឆ្លង COVID-19 បន្ទាប់ពីបានអមដំណើរប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សារការងារជាមួយលោក ដូណាល់ ត្រាំ។ ជាក់ស្ដែង លេខាធិការផ្នែកទំនាក់ទំនងរបស់លោក Bolsonaro គឺលោក ហ្វាប៊ីយ៉ូ វ៉ាចង៉ាធិន (Fabio Wajngarten) ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ និងកំពុងនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះ។
រីឯលោកស្រី ការីណា គូហ្វា (Karina Kufa) ជាមេធាវីម្នាក់របស់ប្រធានាធិបតីប្រេស៊ីលរូបនេះ បាននិយាយដោយផ្ទាល់លើគណនី Twitter ថា លោកស្រីក៏បានឆ្លងជំងឺនេះផងដែរ ក្រោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយថា មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ លោកប្រធានាធិបតីប្រេស៊ីលបានឆ្លងវីរុសកូរ៉ូណា។ តែទោះជាបែបនេះក្ដី ខាងសេតវិមាននៅតែបញ្ជាក់ដដែលថា លោក ដូណាល់ ត្រាំ មិនទាន់ចាំបាច់ត្រូវធ្វើតេស្ដរក COVID-19 នោះទេ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលធ្លាប់បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើទឹកដីអាមេរិកកាលពីសប្ដាហ៍មុន នឹងត្រូវទទួលការធ្វើតេស្ដរក COVID-19 ជាថ្មីម្ដងទៀត បន្ទាប់ពីការធ្វើតេស្ដកាលពីថ្ងៃសុក្របង្ហាញ «លទ្ធផលអវិជ្ជមាន»។ ការធ្វើតេស្ដឡើងវិញនេះអាចនឹងធ្វើឡើង នៅដើមសប្ដាហ៍ក្រោយ៕