(ប៉េកាំង)៖ លោក ជែក ម៉ា (Jack Ma) ដែលជាស្ថាបនិកក្រុមហ៊ុនអាលីបាបា (Alibaba) បាននិយាយថា មូលនិធិ ជែក ម៉ា (The Jack Ma Foundation) និងមូលនិធិអាលីបាបា (Alibaba Foundation) នឹងបរិច្ចាគម៉ាសចំនួន ០១លានម៉ាស់ និងឧបករណ៍ធ្វើតេស្តចំនួន ៥០០,០០០កំផ្លេ ទៅឲ្យសហរដ្ឋអាមេរិក ដោយសង្ឈឹមថា ជំនួយទាំងនេះនឹងអាចជួយដល់មហាអំណាចលេខ ១ លើលោកមួយនេះក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមូលនិធិ ជែកម៉ា និងមូលនិធិអាលីបាបា បានសហការគ្នាក្នុងការផ្តល់ជូននូវធនធាន និងបរិច្ចាគសំភារៈចាំបាច់នានាទៅឲ្យតំបន់ ដែលកំពុងគ្រោះធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដូចប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ជាដើម ដើម្បីជួយបណ្តាប្រទេសទាំងនោះក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត COVID-19 ដ៏កាចសាហាវមួយនេះ។
តាមរយៈសារបង្ហោះលើគណនីបណ្តាញសង្គម Twitter លោក ជែក ម៉ា បានលើកឡើងយ៉ាងដូច្នេះថា «វិបត្តិនេះបង្ហាញពីបញ្ហាប្រឈមដ៏ធំធេង សម្រាប់មនុស្សជាតិទាំងមូលដែលរស់នៅក្នុងសង្គម នៃសកលភាវូបនីយកម្មបែបនេះ។ ជំងឺរាតត្បាតសកលដែលយើងកំពុងតែប្រឈមមុខនេះ មិនអាចដោះស្រាយដោយបុគ្គលម្នាក់ ឬប្រទេសមួយបានទេ។ យើងត្រូវប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដោយចាប់ដៃសហការគ្នាជាធ្លុងមួយ»។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុបនៃ COVID-19 ចំនួន ២,៣២៩ករណី ក្នុងនោះអ្នកជំងឺ ៥០នាក់ស្លាប់ និង ៤១ នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងគ្រាអាសន្នរួចទៅហើយដែរ ដោយមានកញ្ចប់ថវិកាសហព័ន្ធខ្ទង់ ៤០ពាន់លានដុល្លារត្រូវបានបញ្ចេញ ដើម្បីចាតវិធានការទ្រង់ទ្រាយធំ ប្រយុទ្ធនឹងការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19៕