(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលធ្លាប់បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅលើទឹកដីអាមេរិក កាលពីសប្ដាហ៍មុន នឹងត្រូវទទួលការធ្វើតេស្ដរក COVID-19 ជាថ្មីម្ដងទៀត បន្ទាប់ពីការធ្វើតេស្ដកាលពីថ្ងៃសុក្រ បង្ហាញ «លទ្ធផលអវិជ្ជមាន» ហើយមេធាវីម្នាក់របស់ លោកឆ្លង COVID-19 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានប្រេស៊ីល Estado de S.Paulo ដែលបានអះអាងថាការធ្វើ តេស្ដលើលោក Bolsonaro នឹងត្រូវធ្វើឡើងជាថ្មីម្ដងទៀត នៅដើមសប្ដាហ៍ក្រោយ ដើម្បីកំណត់ឱ្យប្រាកដថាលោកប្រធានាធិបតីរូបនេះ មានផ្ទុក COVID-19 ដែរទេ ខណៈមន្ត្រីក្នុងជួរដ្ឋាភិបាលរបស់លោកពីរនាក់ បានឆ្លងជំងឺនេះ។ ក៏ប៉ុន្តែ ការិយាល័យលោក Bolsonaro មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ ជុំវិញសេចក្ដីរាយការណ៍ ខាងលើ។
លោក Jair Bolsonaro បានដឹកនំាប្រតិភូមួយក្រុម បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកកាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយបានទទួលទានអាហារពេល ល្ងាចជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរីសត Mar-a-Lago ក្នុងរដ្ឋផ្លរីដា។ តែនៅក្នុងសប្ដាហ៍នេះ លេខាធិការទំនាក់ទំនងរបស់លោក Bolsonaro គឺលោក Fabio Wajngarten ដែលបានថតរូបឈរនៅក្បែរលោក ត្រាំ និងមេធាវីម្នាក់របស់ប្រធានាធិបតីប្រេស៊ីលរូបនេះ គឺលោកស្រី Karina Kufa សុទ្ធតែត្រូវបាន គេរាយការណ៍ថាបានឆ្លង COVID-19 ក្រោយអ្នកទាំងពីរបានអមដំណើរលោក Bolsonaro ក៏ដូចជាចូលរួមក្នុងជំនួបជាមួយលោក ត្រាំ។
លោក Wajngarten ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ និងកំពុងនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះ។ រីឯលោកស្រី Karina Kufa បាន និយាយដោយផ្ទាល់លើ Twitter ថាលោកស្រី ក៏បានឆ្លងជំងឺនេះផងដែរ ក្រោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយថាមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត របស់លោកប្រធានាធិបតី ប្រេស៊ីល ឆ្លងវីរុសកូរ៉ូណា៕