(វ៉ាស៊ីនតោន)៖ មនុស្សទី២ ដែលបានចូលរួមក្នុងពិធីមួយនៅឯ រីសត Mar-a-Lago នៃរដ្ឋផ្លរីដា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍មុន ត្រូវបាន គេធ្វើតេស្ដរកឃើញឆ្លង COVID-19។ នេះបើតាមមន្ត្រីមកពីគណបក្សសាធារណរដ្ឋម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
មន្ត្រីដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទៀត មនុស្សម្នាក់ខាងលើ បានចូលរួមក្នុងកម្មវិធីមូលនិធិត្រាំ នៅឯរីសត Mar-a-Lago នៃរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានចូលរួមក្នុងពិធីមួយ នៅរីសតនេះ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនផងដែរ ជាមួយមន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលត្រូវបានគេធ្វើ តេស្ដរកឃើញផ្ទុក COVID-19។ មន្ត្រីរូបនេះគឺជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro។ លោក Bolsonaro ក៏បានធ្វើតេស្ដរក COVID-19 ដែរ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអះអាងថា លទ្ធផលគឺ «វិជ្ជមាន» ប៉ុន្តែក្រោយមកលោកបានចេញមុខទាត់ចោលព័ត៌មាន ជាមួយការបញ្ជាក់ថា លទ្ធផលធ្វើតេស្ដគឺ «អវិជ្ជមាន»។
ចំណែកឯ លោក ដូណាល់ ត្រាំ វិញ ដែលបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 បានបញ្ជាក់ឡើងវិញថា លោកអាចនឹងទទួលការធ្វើតេស្ដ ក្នុងពេលឆាប់នេះដោយតម្លាភាព ខណៈមានសំនួរជាច្រើនត្រូវបានចោទសួរថាតើហេតុអ្វីបានលោក មន្ត្រីជំនិតៗរបស់លោក និងគ្រួសាររបស់លោក មិនបានចាត់វិធានការ បន្ថែមដើម្បីការពារខ្លួនឯង និងប្រឆាំង COVID-19៕