(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 បាននិងកំពុងបន្តនាំមុខ ចំនួនអ្នកឆ្លងថ្មីៗរយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ ដែលនេះជាសញ្ញាដ៏ល្អសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលជាប្រទេសរងគ្រោះ ធ្ងន់ធ្ងរជាងគេបំផុតមួយក្រៅពីចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ KCDC នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នារយៈពេលពីរថ្ងៃជាប់គ្នានេះ ពោលគឺតួលេខសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះបានធ្លាក់ចុះពី ១១០ករណី មកដល់ ១០៧ករណីជាបន្តបន្ទាប់គ្នា។ ផ្ទុយទៅវិញចំនួនអ្នកជាសះស្បើយ ក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏បានកើនឡើងពី ១៧៧នាក់ ទៅដល់ ២០៤នាក់ជាបន្តបន្ទាប់គ្នាផងដែរ។ ប្រការនេះ វាបានធ្វើឲ្យតួលេខអ្នកជាសះស្បើយថ្មី នាំមុខតួលេខអ្នកឆ្លងថ្មីជាលើកដំបូង ចាប់តាំងពីថ្ងៃទី២០ ខែមករា នៅពេលដែលមេរោគមួយនេះ ត្រូវបានរកឃើញដំបូងនៅលើទឹកដីកូរ៉េខាងត្បូង។
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 សរុបបានកើនដល់ ៨,០៨៦ករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរដែលសុទ្ធតែជាមនុស្សចាស់ជរាសរុប ៧២នាក់ស្លាប់ និង ៧១៤នាក់បានជាសះស្បើយឡើងវិញ។
គួរជម្រាបថា តំបន់ដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុត នៅប្រទេសកូរ៉េខាងត្បូង គឺទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលមានចំងាយពីរដ្ឋធានីសេអ៊ូលត្រឹមតែ ៣០០គីឡូម៉ែតប៉ុណ្ណោះ។ តំបន់ទាំងពីរ គឺទទួលរាប់រ៉ងករណីឆ្លងវីរុសរហូតដល់ ៩០% នៅទូទាំងប្រទេស។ ហើយករណីឆ្លងភាគច្រើននោះទៀតសោត គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងវិហារគ្រិស្តសាសនាមួយកន្លែង ស្ថិតក្នុងទីក្រុងដេគូ (Daegu) នោះតែម្តង៕