(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ បានចេញមកហើយ ដោយមានចំនួនរហូតដល់ ១,៤៣០នាក់បន្ថែមទៀតនៅទូទាំងចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨២៤ករណីនៅទូទាំងចិនដីគោក មានសរុប ៦៥,៥៤១នាក់ ហើយបានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប ៣,១៨៩នាក់ស្លាប់។ តាមរយៈតួលេខនេះយើងអាចគណនាបានថា នៅថ្ងៃសុក្រម្សិលមិញនេះមានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹម ១១នាក់ និងស្លាប់ ១៣នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង។
ជាការកត់សម្គាល់អត្រាអ្នកឆ្លង COVID-19 និងអ្នកស្លាប់នៅទូទាំងប្រទេសចិន ហាក់ដូចជាមានការថមថយច្រើនខ្លាំង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយ សម្រាប់ការរាំងខ្ទប់ការឆ្លង COVID-19 ទាំងស្រុងតែម្តងនៅប្រទេសចិន។ កាលពីពាក់កណ្តាលសប្តាហ៍នេះចិនបានប្រកាស ថា ការព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ បានក្លាយជារឿងសំខាន់ចាប់ពីពេលនេះទៅ៕