(យូអិន)៖ ចំពោះមុខស្ថានការណ៍កាន់តែតានតឹង ក្រោយការរកឃើញបុគ្គលិកម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) និងស្ថានការណ៍អាក្រក់នៅទីក្រុងញូយ៉ក ដែលជាទីស្នាក់ការកណ្តាលរបស់ខ្លួនផងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស បានសម្រេចឲ្យបុគ្គលិកទាំងអស់ ធ្វើការងារតាមប្រព័ន្ធទូរគមនាគមន៍ ឬអនឡាញវិញ ដើម្បីកុំឲ្យមានការឆ្លងរាលដាល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
លោកអគ្គលេខាធិការ UN បានគូសបញ្ជាក់ពីទីស្នាក់ការកណ្តាលយ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តរួចហើយ គឺចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ (ថ្ងៃទី១៦ ខែមីនា) តទៅរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បុគ្គលិកទាំងអស់ត្រូវបានតម្រូវ ឲ្យធ្វើកិច្ចការតាមប្រព័ន្ធតេឡេខម (អនឡាញ) ពីចម្ងាយវិញ លុះត្រាតែមានករណីចាំបាច់បំផុត ទើបពួកគេអាចមកបំពេញកិច្ចការងារ នៅការិយាល័យ (UN) ក្នុងទីក្រុងញូយ៉កនេះ និងនៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា ការសម្រេចរបស់អគ្គលេខាធិការ UN គឺយោងទៅលើស្ថានភាពជាក់ស្តែង នៃការរាតត្បាតរបស់ COVID-19 ជាពិសេសនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិកផ្ទាល់។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបេសកជនការទូតរបស់ហ្វីលីពីនមួយរូប ត្រូវបានគេធ្វើតេស្តរកឃើញវីរុសកូរ៉ូណាថ្មី (COVID-19) ដែលជាករណីឆ្លងដំបូង សម្រាប់បុគ្គលិកនៃស្ថាប័នកំពូលអន្តរជាតិមួយនេះ៕