(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសមហាអំណាចលេខ ១ លើលោកនេះទៅក្នុងគ្រាអាសន្ន ដោយសារតែការរាតត្បាតនៃជំងឺសកល COVID-19 ខណៈអ្នករិះគន់មួយចំនួនបានលើកឡើងថា វាហាក់ដូចជាយឺតពេលទៅហើយ ព្រោះវីរុសនេះកំពុងតែរាតត្បាតស្ទើរទូទាំងសហរដ្ឋអាមេរិក ហើយលោក ដូណាល់ ត្រាំ ក៏គួរតែទៅធ្វើតេស្តរកវីរុសនេះដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងបញ្ចេញអំណាចពេញលេញ នៃរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺ (COVID-19)»។ សេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះ បានកើតមានឡើងក្រោយ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដែលកាលណោះលោក ត្រាំ មិនត្រឹមតែមិនអាចបំបាច់ភាពភ័យខ្លាចជាសាធារណៈ ចំពោះវីរុសកូរ៉ូណាថ្មីនោះឡើយ ប៉ុន្តែបែរជាបង្កឲ្យមានបញ្ហាភ័ន្តច្រឡំ យ៉ាងធ្ងន់ធ្ងរទៅវិញ។
គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ កញ្ចប់ថវិកាសហព័ន្ធនឹងត្រូវបញ្ចេញសរុប ៤០ពាន់លានដុល្លារ ដើម្បីចាត់ចែងជួយដល់អាជ្ញាធរតាមតំបន់នានា នៅទូទាំងសហរដ្ឋអាមេរិក។ វាក៏ជាការជួយលើកមុខមាត់លោក ដូណាល់ ត្រាំ ឡើងវិញផងដែរ ខណៈដែលការមិនសូវខ្នះខ្នែងដោះស្រាយបញ្ហា COVID-19 តាំងតែពីដំបូងនោះ បានធ្វើឲ្យលោកទទួលរងការរិះគន់យ៉ាងខ្លាំង។ បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុបជិត ១,៧០០ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់ស្លាប់៕