(វ៉ាស៊ីនតោន)៖ ប្រភពពីមន្រ្តីក្នុងជួររដ្ឋាភិបាលអាមេរិកបានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគ្រោង ប្រកាសដាក់សហរដ្ឋអាមេរិកក្នុងភាពអាសន្នថ្នាក់ជាតិតែម្តង ដើម្បីឆ្លើយតបចំពោះការរីករាលនៃ COVID-19។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក NBC News នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
បើតាមប្រភពដដែល ការធ្វើបែបនេះអាចជួយសម្រួលឲ្យមានការទម្លាក់កញ្ចប់ថវិការាប់សិបពាន់លានដុល្លារ ដើម្បីយកទៅបម្រើ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ដែលជាជំងឺឆ្លងរាលដាលជាសកល។ ការប្រកាសភាពអាសន្នថ្នាក់ជាតិនេះ អាចនឹង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយស្តីពីស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក ដែលលោក ត្រាំ ទើបតែបានបង្ហោះ ជូនដំណឹងលើ បណ្តាញសង្គម Twitter ថា នឹងប្រព្រឹត្តទៅក្នុងពេលប៉ុន្មានម៉ោងខាងមុខ។
គួរជម្រាបថា បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ចំនួនយ៉ាងហោច១,៦៩៦នាក់ ដែលត្រូវបានពិនិត្យរក ឃើញ ហើយ៤១នាក់បានបាត់បង់ជីវិត។ ម៉្យាងវិញទៀត មានតែរដ្ឋ Idaho និងរដ្ឋ West Virginia ប៉ុណ្ណោះ ដែលមកទល់ពេលនេះ ពុំមានករណីអ្នក ឆ្លង COVID-19៕