(ប្រេស៊ីល)៖ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Jair Bolsonaro បានចេញមុខច្រានចោលភ្លាមៗ នូវការចុះផ្សាយព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News និងប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលO Dia ដែលថា លទ្ធផលធ្វើតេស្តស្វែងរក COVID-19 លើរូបលោកចេញមកគឺ «វិជ្ជមាន»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
លោក Bolsonaro បានបង្ហោះសារនៅលើគណនី Facebook ផ្លូវការរបស់លោកថា លទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ប្រេស៊ីល ដែលចេញមកនោះ គឺ «អវិជ្ជមាននៃ COVID-19» ពោលគឺលោកមិនបានឆ្លងជំងឺនេះឡើយ។ លោកប្រធានាធិបតីប្រេស៊ីល បានសម្រេចឲ្យគេធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីមន្រ្តីរបស់លោកម្នាក់ ដែលបានអមដំណើរលោកទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ ទើបតែត្រូវបានធ្វើតេស្តឃើញថាឆ្លងជំងឺនេះ៕