(បរទេស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Fox News និងសារព័ត៌មានរបស់ប្រេស៊ីលផ្ទាល់គឺ O Dia លទ្ធផល ធ្វើតេស្តលើកដំបូងលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបង្ហាញមកថា លោកមានផ្ទុក COVID-19 ខណៈដែល រូបលោកទើបតែបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋ Florida កាលពីចុងសប្តាហ៍មុន។

យោងតាមប្រភពដដែល លទ្ធផលនៃការធ្វើតេស្តលើកទីពីរ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់តែម្តងនោះកំពុងស្ថិតក្រោមការរង់ចាំ។ លោក Bolsonaro បានដឹកនាំប្រតិភូទៅជួបពិភាក្សាការងារជាមួយលោក ដូណាល់ ត្រាំ នៅឯរីសត Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីចុងសប្តាហ៍មុន។

លោកប្រធានាធិបតីប្រេស៊ីល បានសម្រេចឲ្យគេធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីមន្រ្តីអមដំណើរម្នាក់របស់លោកផ្ទាល់ គឺលោក Fabio Wajngarten ទើប តែត្រូវបានធ្វើតេស្តឃើញថាឆ្លងជំងឺនេះ។ កំឡុងដំណើរទស្សនកិច្ចនោះ ទាំងលោក Bolsonaro និងលោក Wajngarten សុទ្ធតែបានធ្វើប្រាស័្រយទាក់ទងយ៉ាងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ រួមមានការអង្គុយពិសារអាហារ ជាមួយគ្នា ព្រមទាំងការចាប់ដៃ និងឈរថតរូបកៀកគ្នាជាដើម។

គួរជម្រាបថា ប្រការនេះកំពុងធ្វើឲ្យពិភពលោកទន្ទឹងរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ បានឆ្លង COVID-19 ដែរ ឬយ៉ាងណា៕