Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសរ៉ូម៉ានី ព្រមអនុវត្តវិធានការនៅដាច់ពីគេ ក្រោយពីបានជួបសមាជិកសភាម្នាក់ផ្ទុក COVID-19

13-03-2020 19:26

(រូម៉ានី)៖ នាយករដ្ឋមន្ត្រីស្ដីទីរូម៉ានី និងជាប្រធានគណបក្សសេរីនិយម (Liberal Party) លោក លូដូវីច អ័រប៊ែន (Ludovic Orban) នឹងត្រូវអនុវត្តវិធានការ «នៅដាច់ដោយឡែកពីគេ» ដោយខ្លួនឯង បន្ទាប់ពីបានទាក់ទងជាមួយសមាជិកព្រឹទ្ធសភា មកពីបក្សរបស់លោកម្នាក់ ដែលត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

លោក Ludovic Orban គឺជាអ្នកដែលបានប្រកាសពីព័ត៌មានខាងលើដោយផ្ទាល់ ហើយវាកើតឡើងនៅចំពេលរូបលោក នឹងត្រូវចូលរួមប្រឹក្សាយោបល់ ជាមួយប្រធានាធិបតីរូម៉ានី លោក ក្លស អ៊ីយ៉ូហាននីស (Klaus Iohannis) នៅល្ងាចថ្ងៃសុក្រនេះ ដើម្បីស្វះស្វែងបង្កើតរដ្ឋាភិបាលមួយ និងដាក់ឱ្យសភាអនុម័តនៅសប្ដាហ៍ក្រោយ។ លោក Orban បានបន្ថែមទៀតថា រូបលោក គណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស Liberal Party នឹងអនុវត្តវិធានការ «នៅដាច់ដោយឡែកពីគេ» ដោយស្ម័គ្រចិត្ត ក្រោមការធ្វើតេស្ដត្រួតពិនិត្យ តាមដានរក COVID-19។

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ រូម៉ានីមានអ្នកឆ្លង COVID-19 ចំនួន ៥២ករណីក្នុងនោះមាន ០៦នាក់ជាសះស្បើយ៕