(អាតែន)៖ ប្រធានាធិបតីក្រិកជាស្ត្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រ គឺលោកស្រី ខាធែរីណា សាឃែលឡារ៉ូភួលួ (Katerina Sakellaropoulou) បានស្បថចូលកាន់តំណែងជាផ្លូវការហើយនៅថ្ងៃសុក្រនេះ សម្រាប់អាណត្តិរយៈពេល ០៥ឆ្នាំ នៅឯពិធីមួយដែលរៀបចំឡើង ក្រោមការរឹតត្បិតដោយសូម្បីតែ «ការចាប់ដៃ» ក៏មិនត្រូវបានអនុញ្ញាតដែរ ដោយសារការរីករាលដាលនៃជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
លោកស្រី Sakellaropoulou មានអាយុ ៦៤ឆ្នាំ ធ្លាប់ជាអតីតប្រធានក្រុមប្រឹក្សារដ្ឋ នឹងត្រូវឡើងកាន់តំណែងជំនួសលោក ប្រូកូភីស ផេវឡូភួឡូស (Prokopis Pavlopoulos)។ លោកស្រីបានស្បថចូលកាន់តំណែងជាផ្លូវការ នៅឯពិធីមួយដែលរៀបចំឡើង ក្រោមការកំណត់ចំនួនសមាជិកសភា និងមន្ត្រីក្រិកចូលរួម ខណៈអាជ្ញាធរក្រិកបានលុបចោល ការជួបជុំនៅតាមទីសាធារណៈ និងបិទសាលារៀន ព្រមទាំងរោងភាពយន្ដជាដើម ជាវិធានការទប់ស្កាត់ការរីករាលដាល COVID-19។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រិកមានអ្នកឆ្លងCOVID-19 ចំនួន ១១៧ករណីក្នុងនោះស្លាប់ម្នាក់៕