(ប៉េកាំង)៖ នៅពេលចិនបិទទីក្រុងវូហានទាំងមូលដែលមានប្រជាជន ១១លាននាក់រស់នៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 បណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន បានបង្ហាញការព្រួយបារម្ភ និងខ្លះទៀតចាត់ទុកថា វិធានការនេះមានលក្ខណៈជា «ទង្វើផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
បច្ចុប្បន្នអ៉ីតាលីដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 បន្ទាប់ពីចិន បានសម្រេចចិត្តបិទប្រទេសទាំងមូលតែម្ដង មិនមែនបិទត្រឹមតែទីក្រុងមួយ ឬខេត្តមួយទេ ដូចដែលទីក្រុងប៉េកាំងធ្លាប់ធ្វើនោះទេ។ ក៏ប៉ុន្តែវិធានការដូចគ្នានេះ បែរជាទទួលបានប្រតិកម្មផ្សេងគ្នាទៅវិញ ដោយវិធានការរបស់ចិនត្រូវបានគេហៅថា ផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រីឯអ៉ីតាលីវិញកំពុងប្រឹងប្រែងទប់ស្កាត់មិនឱ្យ COVID-19 រីករាលដាលកាន់តែអាក្រក់ឡើងនៅក្នុងទ្វីបអឺរ៉ុប។
«អ៉ីតាលីមិនផ្ដាច់ការដូចជាចិន និងអ៉ីរ៉ង់នោះទេ។ អ៉ីតាលីគឺជាប្រទេសអភិវឌ្ឍលោកខាងលិចសម័យទំនើប ដូចជាប្រទេសរបស់យើងដែរ»។ នេះជាការលើកឡើងពិធីករទូរទស្សន៍ Fox News លោក ថាក់ខឺ ខាលសុន (Tucker Carlson)។ លោក Carlson បានបន្ថែមទៀតថា «ឥឡូវនេះអ៉ីតាលីកំពុងរងការឈឺចាប់ដោយសារអត្រាមនុស្សស្លាប់ជាង ១០០នាក់ជារៀងរាល់ថ្ងៃដោយសារ COVID-19... កាលពីប៉ុន្មានខែមុនបើគ្មានការទប់ស្កាត់ទេ នោះប្រជាជនរាប់លាននាក់ ប្រហែលជាឆ្លងជំងឺនេះបាត់ទៅហើយ»។
បន្ថែមពីលើនេះប្រតិកម្មស្ដង់ដារពីរ ក៏ត្រូវបានគេមើលឃើញផងដែរ នៅក្នុងអត្ថបទព័ត៌មានចេញផ្សាយដោយកាសែតអាមេរិកមួយទៀតគឺ New York Times។ New York Times បានចុះផ្សាយដូច្នេះដែរថា «ការបិទទីក្រុងវូហាន អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនចិន និងសិទ្ធិមនុស្ស ហើយបើប្រៀបធៀបនឹងការបិទប្រទេសអ៉ីតាលីទាំងមូលវិញ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យ COVID-19 ផ្ទុះឡើងកាន់តែអាក្រក់ឡើងនៅអឺរ៉ុប»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាជនអ៉ីតាលីជាង ៦០លាននាក់ កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ រហូតដល់ថ្ងៃទី០៣ ខែមេសា ខណៈមនុស្សស្លាប់ដោយសារ COVID-19 បានកើនឡើងយ៉ាងគំហុកដល់ ១,០១៦នាក់ក្នុងចំណោមអ្នកឆ្លងសរុប ១៥,១១៣ករណី និងក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយសារជំងឺរាតត្បាតសកលមួយនេះ។
ចំណែកឯចិនវិញកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ចំណុចកំពូលនៃការឆ្លង និងស្លាប់ដោយសារជំងឺនេះបានដល់ទីបញ្ចប់ ហើយមិនតែប៉ុណ្ណោះចិនថែមទាំងបានបញ្ជូនជំនួយ និងក្រុមអ្នកជំនាញឱ្យទៅជួយអ៉ីតាលី និងអេស្ប៉ាញទៀតផង៕
ប្រភព៖ CGTN (ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០)