(អូស្ត្រាលី)៖ រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលីលោក ភីធើ ឌូតថុន (Peter Dutton) ត្រូវបានគេធ្វើតេស្ដរកឃើញឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈមានសេចក្ដីរាយការណ៍ថា លោកក៏ធ្លាប់បានជួបកូនស្រីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអគ្គរដ្ឋអាជ្ញាអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Dutton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើការទាក់ទងភ្លាមៗទៅកាន់ក្រសួងសុខាភិបាលនៃរដ្ឋឃ្វីនស៍ឡេន (Queensland) និងទទួលការធ្វើតេស្ដរក COVID-19 ហើយខ្ញុំទទួលបានព័ត៌មាន ពីក្រសួងនៅថ្ងៃរសៀលនេះថា ខ្ញុំបានឆ្លង COVID-19។ បច្ចុប្បន្នខ្ញុំមានសុខភាពល្អធម្មតា ហើយខ្ញុំនឹងផ្ដល់ព័ត៌មានថ្មីបន្ថែមទៀត»

កាលពីសប្ដាហ៍មុន លោក Dutton បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធស៊ើបការណ៍សំងាត់ ហ្វាយអាយ (FiveEye) រួមមានអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងនូវែលសេឡង់។ លោកត្រូវបានគេរាយការណ៍ថា ធ្លាប់ជួបអគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បារ (William Barr) ព្រមទាំងកូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) កាលពីថ្ងៃទី០៦ ខែមីនាផងដែរ។

គួរបញ្ជាក់ថា មិនទាន់មានអំពីរដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលីរូបនេះឆ្លង COVID-19 តាំងពីពេលណាមកនោះទេ ហើយជាធម្មតានោះ អ្នកដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកឆ្លង COVID-19 គឺត្រូវតែទទួលការពិនិត្យសុខភាព និងតាមដានជំងឺដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃស្របតាមបទដ្ឋានអន្តរជាតិ៕