(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ដែលជារាជទាយាទនៃចក្រភពអង់គ្លេស និងជាព្រះអង្គម្ចាស់ប្រចាំប្រទេសវែល (Prince of Wales) បានលើកព្រះហស្ថសំពះ ជំនួសឱ្យការចាប់ព្រះហស្ថជាមួយអ្នកដែលស្វាគមន៍ព្រះអង្គ។ ព្រះអង្គម្ចាស់អង្គនេះ ទទួលបានការស្វាគមន៍ពីមនុស្សជាច្រើននៅឯពិធី ព្រីនស៍ត្រាស់អេវើដ (Prince's Trust Awards) ប្រចាំឆ្នាំកាលពីថ្ងៃទី១១ ខែមីនា នៅឯទីក្រុងឡុងដ៍ ប៉ុន្តែទន្ទឹមគ្នាព្រះអង្គបានលើកដៃសំពះភ្លាមៗ ជាមួយអ្នកលូកដៃមកចាប់ព្រះហស្ថរបស់ទ្រង់។ នេះបើតាមការដកស្រង់ ផ្សាយពីសារព័ត៌មានអង់គ្លេស Daily Mail នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់ Charles ក៏ត្រូវបានគេថតជាប់សកម្មភាពលើកព្រះហស្ថសំពះ ជំនួសឱ្យការចាប់ដៃស្វាគមន៍ផងដែរ នៅព្រះរាជវាំងបាកឃីងហាំ (Buckingham) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈចក្រភពអង់គ្លេសកំពុងប្រយុទ្ធប្រឆាំនឹង COVID-19 ហើយអាជ្ញាធរបានណែនាំឱ្យប្រជាជន ជៀសវាងការប៉ះពាល់គ្នាដោយផ្ទាល់ ជាពិសេសគឺការចាប់ដៃគ្នា និងឱបថើបតែម្ដង ដែលងាយបំផុតក្នុងការចម្លងរោគដល់គ្នា ប្រសិនបើភាគីណាមួយមានផ្ទុក COVID-19៕