(វ៉ាស៊ីនតោន)៖ ខណៈពិភពលោកទាំងមូលកំពុងបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 មេដឹកនាំកំពូលៗ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកការសំពះ ជាការគោរព និងស្វាគមន៍គ្នាទៅវិញទៅមក ជំនួសឱ្យការចាប់ដៃគ្នា ក៏ដូចជាការអោបថើបគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ែរឡង់ លោក Leo Varadkar កាលពីថ្ងៃព្រហស្បតិ៍ នៅឯសេតវិមាន លោក ដូណាល់ ត្រាំ មិនបានប្រើការស្វាគមន៍បែប លោកខាងលិចតាមរយៈការចាប់ដៃ និងអោបថើបនោះទេ ដោយលោកបានលើកដៃសំពះជាការស្វាមគមន៍ លោក Varadkar។ លោក ត្រាំ បានលើកឡើង នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងជំនួបនោះដោយលើកដៃសំពះបណ្ដើរ ដូច្នេះថា៖ «នៅថ្ងៃនេះ យើងមិនបានចាប់ដៃគ្នានោះទេ, យើងសម្លឹងមើលគ្នាទៅ វិញទៅមក ហើយយើងនិយាយថាតើយើងត្រូវធ្វើបែបណា? តើអ្នកដឹងទេ នេះគឺជាអារម្មណ៍មួយដ៏ចម្លែក»

ក្រៅពីលោក ដូណាល់ ត្រាំ និងលោក Varadkar ព្រះអង្គម្ចាស់ចក្រភព អង់គ្លេស Charles ក៏បានប្រើការសំពះជាការគោរព និងស្វាគមន៍ជំនួសឱ្យការចាប់ដៃផងដែរ៕