Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វែបសាយ Porn ដ៏ល្បីលើលោកផ្តល់សេវាកម្មពិសេសឥតគិតថ្លៃដល់ប្រជាជនអ៉ីតាលី ដែលកំពុងឃុំនៅក្នុងផ្ទះដោយសារ COVID-19

13-03-2020 15:03

(បរទេស)៖ វែបសាយអាសអាភាសដ៏ធំបំផុតនៅលើពិភពលោក Pornhub បានចេញមុខប្រកាសផ្តល់ជូនសេវានៃការទស្សនាជាលក្ខណៈ Premium របស់ខ្លួនដោយឥតគិតថ្លៃ ដល់ប្រជាជនរស់នៅក្នុងប្រទេសអ៉ីតាលី ដែលកំពុងស្ថិតក្រោមការបិទទ្វារ ដើម្បីទប់ស្កាត់ការរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអង់គ្លេស Daily Mail នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលទើបចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ Pornhub បានបញ្ជាក់ថា វែបសាយនឹងអនុញ្ញាតឲ្យអ្នកដែល ស្ថិតនៅក្នុងប្រទេសអ៉ីតាលី អាចចូលទៅប្រើប្រាស់សេវា Premium Service ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី០៣ ខែមេសា ខណៈជាធម្មតា ដ្បិតវីដេអូនៅលើវែបសាយនេះអាចចូលទស្សនាបានដោយសេរី ប៉ុន្តែសេវាកម្ម Premium គឺត្រូវចំណាយថវិកា ដើម្បីអាចចូលប្រើប្រាស់វាបាន។

មិនតែប៉ុណ្ណោះវែបសាយអាសអាភាសដ៏ល្បីមួយនេះ ក៏នឹងបរិច្ចាគចំណូលដែលរកបានពីវែបសាយ Modelhub របស់ខ្លួន សម្រាប់ខែមីនានេះឲ្យទៅប្រទេសអ៉ីតាលី ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង COVID-19 ថែមទៀតផង។ វែបសាយ Pornhub ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នវាជាវែបសាយអាសអាភាស ធំជាងគេបំផុតនៅលើពិភពលោក ដែលមានការចូលមើល ៤២ពាន់លានដងកាលពីឆ្នាំមុន ហើយមានអ្នកចូលមើលយ៉ាងតិច ១១៥លាននាក់ក្នុងមួយថ្ងៃៗ។

កាលពីឆ្នាំ២០១៩ អ៉ីតាលីជាប់លេខរៀងទី ៧ ក្នុងចំណោមប្រទេសសកម្មជាងគេទាំង ២០ ដែលបានចូលមើលវែបសាយនេះ ដោយសហរដ្ឋអាមេរិក ជប៉ុន និងចក្រភពអង់គ្លេស នៅលេខរៀងទី ១ ទី២ និងទី៣។ គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសអ៉ីតាលីមានចំនួន ១៥,១១៣នាក់ ក្នុងនោះស្លាប់ ១,០១៦នាក់៕