(ប៉ារីស)៖ សមាជិកសភាពីរនាក់បន្ថែមទៀត គឺលោកស្រី សង់ដ្រីន ម៉ុច (Sandrine Mörch) និង លោក រ៉ាហ្វាអែល ហ្សេរ៉ាដ (Raphaël Gérard) ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកជំងឺ COVID-19 ធ្វើឱ្យចំនួនសមាជិកសភាជាតិបារាំង ដែលឆ្លងជំងឺនេះកើនដល់៩រូប។ នេះបើតាមការដកស្រង់ចេញផ្សាយ ពីទូរទស្សន៍ BFMTV នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុង ប៉ារីស) លោកស្រី សង់ដ្រីន មុច (Sandrine Mörch) បានឱ្យដូច្នេះថា៖« បន្ទាប់ពីមានរោគសញ្ញាផ្ដាសាយ, ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញឆ្លង COVID-19»។ ក្រៅពី សមាជិកសភា វ័យ៥៨ឆ្នាំរូបនេះ សមាជិកសភាម្នាក់ទៀត គឺលោក រ៉ាហ្វាអែល ហ្សេរ៉ាដ មានអាយុ៥១ឆ្នាំ ក៏បានឆ្លង COVID-19 ផងដែរ ហើយបច្ចុប្បន្ន អ្នកទាំងពីរដែលសុទ្ធតែសមាជិកគណៈកម្មាការកិច្ចការវប្បធម៌ នៃសភាជាតិបារាំង កំពុងទទួលការព្យាបាល ដោយស្ថិតនៅក្នុងស្ថានភាពប្រក្រតី។
គួរជម្រាបថា គិតត្រឹមពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ បារាំងមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន៦១នាក់ និងឆ្លងជាង ២,៨៧៦នាក់ ក្នុងនោះរួមមាន សមាជិកសភាបារាំង៩នាក់ បានឆ្លងជំងឺនេះ ហើយក្នុងនោះទៀតសោត មានតែសមាជិកសភា លោក ហ្សង់ លុច រ៉ិចហ្ស៊ែរ (Jean-Luc Reitzer) ដែលកំពុង ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕