(សិង្ហបុរី)៖ សិង្ហបុរីនឹងធ្វើការហាមឃាត់ការឆ្លងកាត់ (Transit) និងការចូលមកក្នុងទឹកដីរបស់ខ្លួន សម្រាប់អ្នកធ្វើដំណើរទាំងឡាយ ដែលមាន ប្រវត្តិធ្លាប់ទៅកាន់ប្រទេសចំនួន០៤ រួមមានអ៉ីតាលី បារាំង អេស៉្បាញ និងអាល្លឺម៉ង់ ក្នុងកំឡុង១៤ថ្ងៃចុងក្រោយ ខណៈដែល COVID-19 កំពុងមានការរីករាលដាលខ្លាំងនៅអ៉ីរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ចំណាត់ការខាងលើត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះតទៅ។ មូលហេតុដែលសិង្ហបុរីបានសម្រេចធ្វើបែបនេះ គឺបន្ទាប់ពីករណីឆ្លង COVID-19 ប្រភេទនាំចូល បានកើនឡើង ខ្លាំងក្នុងប្រទេសសិង្ហបុរី ហើយភាគច្រើនជាអ្នកធ្វើដំណើរ ដែលមានប្រវត្តិទៅប្រទេសនៅតំបន់អឺរ៉ុប។
រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរី លោក ហ្គាន គីមយ៉ុង (Gan Kim Yong) បានបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ទើរតែ២៥ភាគរយនៃ ករណីឆ្លង COVID-19 ទាំងអស់ ឬស្មើនឹង៤៧ករណីក្នុងចំណោមករណីសរុប១៨៧ នៅក្នុងប្រទេសសិង្ហបុរី គឺជាប្រភេទករណីនាំចូល ហើយ ក្នុងកំឡុង១០ថ្ងៃកន្លងទៅនេះ ករណីនាំចូលមានដល់ទៅ២៣ករណី ដែលក្នុងនោះ១៣ករណី គឺជាអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសអឺរ៉ុប។
គួរជម្រាបថា សម្រាប់ពលរដ្ឋសិង្ហបុរី អ្នករស់នៅក្នុងសិង្ហបុរីជាអចិន្រ្តៃយ៍ និងអ្នកមានប័ណ្ណស្នាក់នៅរយៈពេលយូរវិញនោះ ដែលមានប្រវត្តិ ធ្វើដំណើរទៅអ៉ីតាលី បារាំង អេស៉្បាញ និងអាល្លឺម៉ង់ នឹងត្រូវតម្រូវឲ្យស្ថិតនៅក្នុងផ្ទះ ឬកន្លែងស្នាក់នៅរបស់ពួកគេរយៈពេលយ៉ាងតិចបំផុត គឺ១៤ថ្ងៃ ក្រោយត្រឡប់មកដល់ប្រទេសសិង្ហបុរីវិញ៕