(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសថា សាលារៀនទាំងអស់នៅក្នុងប្រទេសបារាំង នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយមិនមានកាលកំណត់ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ និងបង្ការការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
លោក ម៉ាក្រុង បានធ្វើការប្រកាសដូចខាងលើ នាឱកាសថ្លែងសារតាមកញ្ចក់ទូរទស្សន៍ ទៅប្រកាន់ប្រជាជាតិបារាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនបារាំង ៦១នាក់ និងឆ្លងជាង ២,៩០០នាក់។ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «សាលារៀននៅក្នុងប្រទេស រាប់ចាប់ពីសាលាមត្តេយ្យ ដល់សាកលវិទ្យាល័យ នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្នចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយតទៅ រហូតទាល់មានការជូនដំណឹងជាថ្មី ខណៈបារាំងកំពុងប្រឈមមុខ នឹងវិបត្តិសុខាភិបាលធ្ងន់ធ្ងរប្រចាំសតវត្សរ៍ដោយសារ COVID-19 »។
បន្ថែមពីលើនេះ លោក ម៉ាក្រុង ក៏បានអំពាវនាវផងដែរមនុស្សចាស់ ដែលមានអាយុចាប់ពី ៧០ឆ្នាំ និងមានអ្នកមានសុខភាពទន់ខ្សោយ ត្រូវស្ថិតនៅក្នុងផ្ទះ។ ប៉ុន្តែលោកប្រធានាធិបតីបារាំងបានឱ្យដឹងថា ការបោះឆ្នោតក្នុងតំបន់ថ្នាក់ជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងមិនត្រូវផ្អាក ឬពន្យារពេលឡើយ៕