(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនបារម្ភហើយក៏មិនខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នោះដែរ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ដែលធ្លាប់បានជួប និងឈរថតរូបនៅក្បែររូបលោក ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកជំងឺនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មានក្នុងប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា លទ្ធផលធ្វើតេស្តពិនិត្យរកមើល COVID-19 លើមន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលបានចូលរួមកិច្ចប្រជុំផ្លូវការមួយ ព្រមទាំងឈរថតរូបជាប់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរីសតរបស់លោក ត្រាំ ក្នុងរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានបង្ហាញថា «វិជ្ជមាន»

បើតាមសារព័ត៌មានប្រេស៊ីល ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) គឺជាមន្ត្រីលេខាធិការ ទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Florida និងទទួលទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរីសត ម៉ាអាឡាហ្គោ (Mar-A-Lago)។

គួរជម្រាបថា តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម Instagram លោក Wajngarten បានឈរថតរូបដោយស្ថិតនៅជាប់នឹង លោក ដូណាល់ ត្រាំ តែម្តង ហើយអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរ លោក ដូណាល់ ត្រាំ ដូចគ្នា។ យោងតាមប្រភពពីសារព័ត៌មាន ខាងលើដដែល ពេលនេះកំពុងមានធ្វើតេស្តជាលើកទីពីរលើលោក Wajngarten ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។

យ៉ាងណាក៏ដោយ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៊ែរឡង់ លោក Leo Varadkar នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីថាលោកមិនមានការព្រួយបារម្ភអ្វីនោះទេ ខណៈសេតវិមានផ្ទាល់នៅតែទទូចដដែលថា លោកប្រធានាធិបតីអាមេរិក មិនចាំចាប់ទទួលការធ្វើតេស្ដរក COVID-19 នោះទេ។

នៅមុននេះបន្តិច សារព័ត៌មានប្រេស៊ីលបានរាយការណ៍ថា ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) កំពុងស្ថិតនៅក្រោមការតាមដាន និងត្រូវបានធ្វើតេស្ដរកជំងឺ COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជិះយន្ដហោះ ទៅជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដល់ទឹកដីអាមេរិក និងក្រោយមន្ត្រីជំនិតលោកម្នាក់ ត្រូវបានធ្វើគេរាយការណ៍ថា បានឆ្លង COVID-19៕