(ប៉េកាំង)៖ របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលចិន ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញមកហើយ ដោយមានចំនួនរហូតដល់ ១,៣១៨នាក់បន្ថែមទៀត នៅទូទាំងចិនដីគោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ គណៈកម្មការខាងលើក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨១៣នាក់នៅទូទាំងចិនដីគោក មានសរុប ៦៤,១១១នាក់ហើយបានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺសរុប ៣,១៧៦នាក់ស្លាប់។ តាមរយៈតួលេខនេះយើងអាចគណនាបានថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមាន ករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន ២០នាក់ និងអ្នកជំងឺដែលបានស្លាប់ ០៧នាក់។
ជាការកត់សម្គាល់អត្រាអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសចិន ហាក់ដូចជាមានការថមថយច្រើនខ្លាំង នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ៕