(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) កំពុងស្ថិតនៅក្រោមការតាមដាន និងត្រូវបានធ្វើតេស្ដរកជំងឺ COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជិះយន្ដហោះ ទៅជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដល់ទឹកដីអាមេរិក និងក្រោយមន្ត្រីជំនិតលោកម្នាក់ ត្រូវបានធ្វើគេរាយការណ៍ថា បានឆ្លង COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Hill នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មានប្រេស៊ីល អូអេស្ទែដូ (O Estado de S. Paulo) បានឱ្យដឹងទៀតថា លោក Bolsonaro ត្រូវបានធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី (COVID-19) និងកំពុងរង់ចាំលទ្ធផលក្នុងរយៈពេល ប៉ុន្មានម៉ោងខាងមុខទៀតនេះ បន្ទាប់ពីលោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) ជាមន្ត្រីលេខាផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីលរូបនេះ ដែលបានអមដំណើររូបលោក ទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋផ្លូរីដា (Florida) និងទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ នៅឯរីសតម៉ាអាឡាហ្គោ (Mar-A-Lago) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ទោះជាបែបនេះក្តី ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៊ែរឡង់ លោក លីអូ វ៉ារ៉ាដកា (Leo Varadkar) នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីថា លោកមិនមានការព្រួយបារម្ភអ្វីនោះទេ ខណៈសេតវិមានផ្ទាល់នៅតែទទូចដដែលថា លោកប្រធានាធិបតីអាមេរិក មិនចាំបាច់ទទួលការធ្វើតេស្ដរក COVID-19 នោះទេ។
គួរជម្រាបថា តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម Instagram លោក Wajngarten បានឈរថតរូបដោយស្ថិតនៅជាប់នឹង លោក ដូណាល់ ត្រាំ តែម្តង ហើយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែនស៍ (Mike Pence) ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរលោក ដូណាល់ ត្រាំ ដូចគ្នា។ យោងតាមប្រភពពីសារព័ត៌មានខាងលើដដែល ពេលនេះកំពុងមានធ្វើតេស្តជាលើកទីពីរលើលោក វ៉ាចញ៉ាធិន (Wajngarten) ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់៕