(កាណាដា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) កំពុងតែស្ថិតក្រោមការអនុវត្តវិធានការនៅដាច់ ដោយឡែក ពីគេឯង បន្ទាប់ពីភរិយាលោកស្រី សូហ្វី ហ្រ្គេហ្គ័រ (Sophie Gregoire) បានបង្ហាញរោគសញ្ញាសង្ស័យនៃ COVID-19 ក្រោយពេលអ្នកទាំងពីរទើបតែត្រឡប់មកពី ចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដា ក្រោយបង្ហាញរោគសញ្ញាសង្ស័យ លោកស្រី Sophie បាន ព្យាយាមទាក់ទងទៅកាន់គ្រូពេទ្យជំនាញភ្លាមៗ ហើយលោកស្រីត្រូវបានគេយកសំណាកទៅធ្វើតេស្តពិនិត្យរកមើល COVID-19 រួចហើយ ខណៈអ្នកទាំងពីរកំពុងអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេឯង ក្នុងគេហដ្ឋានរបស់ខ្លួន និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ត។
គួរជម្រាបថា បើតាមការណែនាំពីក្រុមវេជ្ជបណ្ឌិត គឺពួកគេអនុញ្ញាតឲ្យលោក Trudeau ចេញទៅបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយសារតែលោកមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែដើម្បីជាការប្រុងប្រយ័ត្នខ្ពស់ លោក Trudeau ផ្ទាល់បានស្ម័គ្រចិត្ត ស្ថិតនៅក្នុងគេហដ្ឋាន ហើយបំពេញការងារពីចម្ងាយទៅវិញ រហូតទាល់តែទទួលបានលទ្ធផលធ្វើតេស្តរបស់លោកស្រី Sophie៕