Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទាយយោធាមួយអ៉ីរ៉ាក់ រងការវាយប្រហារដោយរ៉ុក្កែត១៨គ្រាប់, ទាហានអាមេរិក២នាក់ និងអង់គ្លេសម្នាក់ស្លាប់

12-03-2020 18:01

(បាដាដ)៖ កងកម្លាំងហោធាចំរុះដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា កងកម្លាំងយោធាចំនួន ០៣នាក់បានស្លាប់ និង១២ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ុក្កែត ទៅលើបន្ទាយយោធារបស់ខ្លួនមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាម ការចេញផ្សាយសារព័ត៌មាន BBC នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ប្រភពពីមន្ត្រីយោធាអាមេរិកបានឲ្យដឹងទៀតថា ជនរងគ្រោះទាំងបីនាក់ខាលើ មានពីរនាក់ជាទាហានអាមេរិក និងម្នាក់ទៀតជាទាហានអង់គ្លេស។ ដោយឡែក អត្តសញ្ញាណរបស់ពួកគេ មិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញពីអ្នកនាំពាក្យរបស់ក្រុមចំរុះខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា ការវាយប្រហារបានកើតឡើងនៅវេលាម៉ោង ១៩៖៣៥នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងទីក្រុងបាកដាដ)។ ប្រភពដដែលបានបន្ថែមទៀតថា ដំណើរការស៊ើបអង្កេតជុំវិញករណីនេះ ដែលបានធ្វើឡើងដោយសហការជាមួយអាជ្ញាធរប្រទេសអ៊ីរ៉ាក់ បាននិងកំពុងតែចាប់ផ្តើមហើយ។

គួរបញ្ជាក់ថា រ៉ុក្កែតចំនួន ១៨គ្រាប់បានវាយប្រហារមកលើមូលដ្ឋានទ័ពមួយកន្លែង ដែលមានឈ្មោះថាតាជី (Taji)។ មូលដ្ឋានទ័ពនេះគឺជាកន្លែងសម្រាប់បណ្តុះបណ្តាល និងផ្តល់ប្រឹក្សាដល់បេសកកម្មយោធា ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រុមយោធាចម្រុះអន្តរជាតិ ដែលមានប្រទេសមួយចំនួន និងទាហានរាប់ពាន់នាក់ ដឹកនាំដោយសហរដ្ឋអាមេរិកនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដើម្បីបោសសម្អាតក្រុម ISIS ដែលជាក្រុមជ្រុលនិយមមួយមានមូលដ្ឋាននៅអ៉ីរ៉ាក់ និងប្រទេសស៊ីរី៕