(អាតែន)៖ ប្រទេសក្រិចនាថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីករណីដំបូង នៃអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរសុខាភិបាលរបស់ក្រិក បុគ្គលខាងលើគឺជាបុរសវ័យ៦៦ឆ្នាំ ដែលបានវិលត្រឡប់មកពីការធ្វើធម្មយាត្រាសាសនាមួយ នៅអ៉ីស្រាអែល និងអេហ្ស៊ីប កាលពីចុងខែកុម្ភៈ កន្លងទៅ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលក្រិកបានបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍ថា អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតនោះ គឺជាមានជំងឺធ្ងន់ប្រចាំកាយរួចស្រេចទៅហើយ។

គួរជម្រាបថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ អ្នកឆ្លង COVID-19 សរុប៩៩នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសក្រិច៕