(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក Twitter Inc បានសម្រេចចាត់វិធានការតម្រូវឲ្យបុគ្គលិកទាំងអស់នៅជុំវិញ ពិភពលោក ចាំបាច់ត្រូវធ្វើការងារពីផ្ទះទៅតែម្តង បន្ទាប់ពីកន្លងមកក្រុមហ៊ុនគ្រាន់តែលើកទឹកចិត្តឲ្យធ្វើបែបនោះប៉ុណ្ណោះ។ នេះបើតាមការ ដក ស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុនបណ្តាញសង្គម ដែលមានមូលដ្ឋានក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ាមួយនេះ មានការិយាល័យតំណាងសរុបចំនួន ៣៥កន្លែងនៅជុំវិញពិភពលោក ដោយក្នុងនោះការិយាល័យប្រចាំនៅទីក្រុងហុងកុង ព្រមទាំងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺបាន តម្រូវឲ្យបុគ្គលិកធ្វើការងារពីផ្ទះទៅរួចស្រេចហើយនាពេលកន្លងមក ក្រោមចំណាត់ការរបស់អាជ្ញាធរនៃទីក្រុងនិងប្រទេសទាំងនោះ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។

ក្រុមហ៊ុន Twitter បានទទួលស្គាល់ថា ការសម្រេចចេញវិធានការបែបនេះ គឺជារឿងមិនធ្លាប់មាន ប៉ុន្តែឥឡូវនេះវាក៏ជាពេលវេលាដ៏តានតឹង ពុំធ្លាប់កើតមានដូចគ្នាដែរ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ធំៗនៅទូទាំងសហរដ្ឋអាមេរិក ក៏នឹងត្រូវលុបចោលថែមទៀតផង រួមមាន ព្រឹត្តិការណ៍ ភាពយន្ត South by Southwest ក្នុងខែនេះ, សន្និសីទបច្ចេកវិទ្យា Google I/O នៅខែឧសភា, និងសន្និសីទវីដេអូហ្គេម E3 ខែមិថុនា។

គួរជម្រាបថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 កើនដល់យ៉ាងតិច១,២៦៧នាក់ ក្នុងនោះស្លាប់កើនដល់ ៣៨នាក់៕